កាលបរិច្ឆេទ: ០៧ កក្កដា ២០២១ / ម្ហូបអាហារ
គេហទំព័រអុីនធឺណេត www.kampongspeupalmsugar.org ត្រូវបានបង្កើត និងដាក់ឲ្យដំណើរការកាលពីពាក់កណ្តាលខែមិថុនា។ គេហទំព័រមួយនេះបង្កើតឡើងដោយសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដោយមានការជ្រោមជ្រែងពីសំណាក់ «គម្រោងប្រចាំតំបន់ដើម្បីការលើកកម្ពស់ និងការទទួលស្គាល់ផលិតផលសម្គាល់ភូមិសាស្រ្តនៅកម្ពុជា ឡាវ និងភូមា»។ គម្រោងនេះទទួលបានជំនួយហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ហើយការអនុវត្តគម្រោងត្រូវបានប្រគល់ទៅឲ្យសម្ព័ន្ធអង្គការ និងក្រុមហ៊ុនដែលរួមមានអង្គការ Gret ក្រុមហ៊ុន ARTE-FACT Development & Agri-Food Consulting អង្គការ CIRAD អង្គការ IRAM អង្គការ REDD និងអង្គការ Certipaq ដោយសហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញាទាំងបីប្រទេស។
គម្រោងមួយនេះដែលមានរយៈពេលបីឆ្នាំកន្លះ និងដែលបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០២០ គឺត្រូវបានបង្កើតឡើងដើម្បីជំនួសសកម្មភាពផ្សេងៗទៀតប្រចាំតំបន់ទាក់ទិននឹងIGP ដែលគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំងតាំងពីឆ្នាំ២០០៥មក។ សកម្មភាពផ្សេងៗកន្លងមកនៅកម្ពុជាមានដូចជា ការផ្តល់ស្លាកសញ្ញាសម្គាល់ភូមិសាស្រ្តសម្រាប់ទីផ្សារក្នុងស្រុកក៏ដូចជាទីផ្សារអន្តរជាតិចំពោះម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺដែលជាផលិតផលដ៏សំខាន់របស់ក្រុមហ៊ុនខនហ្វីរេលនៅឆ្នាំ២០១០។
ទាក់ទិននឹងស្ករត្នោតកំពង់ស្ពឺ គោលដៅសំខាន់នៅក្នុងគម្រោងគឺបង្កើនបរិមាណផលិត និងបរិមាណលក់ស្ករត្នោតIGP ដើម្បីចូលរួមលើកកម្ពស់ជីវភាពអ្នកផលិតស្ករត្នោតនៅជនបទ។ ទន្ទឹមនឹងនេះ គម្រោងក៏ត្រូវចូលរួមបង្កើនថវិការបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺដើម្បីឲ្យសមាគមអាចបំពេញបេសកកម្មគ្រប់គ្រងIGPរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។ សមាគមត្រូវធ្វើយ៉ាងណាធានាឲ្យបានថាអ្នកផលិត និងអ្នកចែកចាយពិតជាគោរពតាមសៀវភៅបន្ទុកនៃIGP និងធានាឲ្យមានការបញ្ជាក់ប្រភពទំនិញឲ្យបានច្បាស់លាស់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ ម្យ៉ាងវិញទៀត សមាគមក៏ត្រូវរៀបចំឲ្យមានការត្រួតពិនិត្យគ្រប់តំណាក់កាលដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ស្ថាប័នផ្តល់វិញ្ញាបនបត្រIGP។
លោក Jean-Marie Brun ប្រធានក្រុមហ៊ុន Arte-Fact Development និងជាអ្នកសម្របសម្រួលគម្រោងប្រចាំតំបន់ មានប្រសាសន៍ពន្យល់ថា៖ «តំបន់សម្គាល់ភូមិសាស្រ្តមានទំហំធំធេង ហើយបើទោះបីជាយុវជនមិនចង់បន្តវេនប្រកបរបរនេះក្តី ក៏នៅមានអ្នកផលិតស្ករត្នោតជាច្រើននាក់ទៀតដែលមិនទាន់បានចុះបញ្ជីសម្គាល់ភូមិសាស្រ្ត ដែលពួកគាត់អាចចូលរួមបង្កើនបរិមាណផលិតស្ករត្នោតបានច្រើន»។ ជាក់ស្តែង យុទ្ធនាការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្រ្តបានបញ្ជាក់ច្បាស់ពីនិន្នាការនេះ ព្រោះថាចំនួនអ្នកផលិតស្ករត្នោតដែលចូលជាសមាជិកសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានកើនឡើងជិតទ្វេជាពីរ ពោលគឺកើនពី៨០នាក់ទៅ១៥០នាក់។
ជំហានបន្ទាប់គឺធ្វើយ៉ាងណាបង្កើនបរិមាណលក់ ជាពិសេសតាមរយៈការផ្សព្វផ្សាយផលិតផល។ ការបង្កើតគេហទំព័រអុីនធឺណេតគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀតដូចជាជំនួយដែលគម្រោងអាចនឹងផ្តល់ដល់តួអង្គដែលពាក់ព័ន្ធសម្រាប់ការរៀបចំព្រឹត្តិការណ៍នានានៅកន្លែងលក់ផលិតផលជាដើម។
ក្រៅពីស្ករត្នោតកំពង់ស្ពឺដែលទទួលបានស្លាកសញ្ញាIGPដោយសារគម្រោងនេះហើយ ក៏នៅមានផលិតផលខ្មែរមួយចំនួនទៀតដែរដែលទទួលបានស្លាកសញ្ញាផលិតផលសម្គាល់ភូមិសាស្រ្ត ឬដែលកំពុងតែគ្រោងនឹងចុះបញ្ជី។
លោក Jean-Marie Brun គូសបញ្ជាក់ថា៖ «ទាក់ទិននឹងIGPសម្រាប់ម្រេចកំពត យើងគ្រោងនឹងធ្វើការជាមួយសមាគមដើម្បីធ្វើបច្ចុប្បន្នភាពលើចំណុចមួយចំនួននៅក្នុងសៀវភៅបន្ទុកដោយដាក់បញ្ចូលការច្នៃប្រឌិតថ្មីសម្រាប់ម្រេចកំពត(ដូចជាម្រេចខ្ចីជ្រក់ជាមួយអំបិលកំពតជាដើម)។
យើងក៏គ្រោងនឹងធ្វើការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរសម្រាប់ការរៀបចំផ្តល់IGPសម្រាប់អំបិលកំពត/កែប។ ម្យ៉ាងវិញទៀត តាំងពីប៉ុន្មានខែមកនេះ យើងបានផ្តល់ជំនួយបច្ចេកទេសដល់សមាគមផលិតទឹកឃ្មុំមណ្ឌលគិរីដែលទើបតែទទួលបានស្លាកសញ្ញាផលិតផលសម្គាល់ភូមិសាស្រ្តនៅកម្ពុជា»។
ក្រៅពីប្រទេសកម្ពុជា គម្រោងធ្វើការជាពិសេសលើផលិតផលអង្ករ Khao Kai Noi នៅប្រទេសឡាវ (នៅខេត្ត Xiengkhouang និងខេត្ត Huaphan) និងគ្រោងជួយដល់ផលិតផលតែ Komaen (នៅខេត្ត Phongsaly)។ ចំែណកនៅប្រទេសភូមាឯណោះវិញ ការងារបង្កើតសៀវភៅបន្ទុកជាមួយសមាគមផលិតអង្ករ Paw San ក្នុងតំបន់ Shwe Boកំពុងតែឈានដល់ទីបញ្ចប់ ហើយការងារពង្រឹងសមត្ថភាពគ្រប់គ្រងIGPទៅថ្ងៃអនាគតរបស់សមាគមក៏កំពុងតែដំណើរការផងដែរ៕